ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀង
នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកជំទាវ និង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនិងលោកជំទាវបានអញ្ជេីញចូលរួមពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀងក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី ។
ក្នុងពិធីបុណ្យនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញាត្តិកាទាំង៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ និងបានឧទ្ទិសបុណ្យកុសលបានជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តម សេនីយ៍ ហុក ឡងឌី មកទទួលយកផល្លាអានិសង្សដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ជាការពិតណាស់ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនារបស់ខ្មែរ ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាឍតទៅ ។ ពាក្យថា «វស្សា» មកពីពាក្យបាលីថា «វស្ស» ប្រែថា «ភ្លៀង» ឬ «រដូវភ្លៀង» ដែលមានកំណត់៤ខែ (រាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ ១៥កើត ខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ)។