ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

ថ្នាក់ដឹកនាំខេត្តស្វាយរៀងនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ

 

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកជំទាវ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តនាំយកអំណោយជូនដល់កងទ័ពឈរជើងតំបន់ការពារព្រំដែនកម្ពុជា- ថៃ សមរភូមិមុខទិសទី៣ យោធភូមិភាគទី៤ ស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ។

 

ពិធីនេះក៏មានការអញ្ជេីញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានគណៈបញ្ជាការឯកភាព សមរភូមិទិសយោធភូមិភាគទី៤ ឯកឧត្តមឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣យោធភូមិភាគទី៤,ឯកឧត្ដមឧត្ដមសេនីយ៍ទោ មេបញ្ជាការរង នាយសេនាធិការ កងពលធំ អន្តរាគមន៍លេខ២,នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងប្រតិភូខេត្តស្វាយរៀងជាច្រេីនរូបទៀត។

 

ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ ទិសទី៣ យោធភូមិភាគទី៤ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយហើយយើងខ្ញុំ ជាអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់និងឆ្លុះបញ្ចាំងតាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តស្វាយរៀង និងត្រូវបាននាំយកមកផ្ដល់ជូន ក្នុងពិធីជួបសួរសុខទុក្ខបងប្អូនយើងនៅថ្ងៃនេះ។

 

ឯកឧត្តមបានថ្លែងនូវការកោតសសេីរចំពោះនាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់ ចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមបំផុតនេះ ដើម្បីការពារកិត្យានុភាពជាតិ មាតុភូមិ និងប្រជាជនរបស់យើង ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

 

ឯកឧត្តមបានស្នេីដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានយើងទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេល ឆ្លើយតបនឹងការបំពានជាយថាហេតុនានាពីសំណាក់សត្រូវឈ្លានពាន និងសូមបងប្អូនកម្លាំងយើងបន្តការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី ដើម្បីប្រទេសជាតិយើង បន្តមានសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ ។ ជាមួយនេះ ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ គឺស្ថិតនៅជាមួយបងប្អូនកងទ័ពយើង ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា និងគ្រប់កាលៈ ទេសៈទាំងអស់ ក្នុងបុព្វហេតុ “ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា”។

 

ដើម្បីតបស្នងចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់បងប្អូនកងទ័ព ថ្ងៃនេះរដ្ឋបាលខេត្តស្វាយរៀងបាននាំមកនូវជំនួយឧបត្ថម្ភមួយចំនួនជាថវិកា និងសម្ភារ របស់រដ្ឋបាលខេត្ត និងទទួលបានពីការចូលរួមចំណែកពីថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ និងសប្បុរសជននានា នៃខេត្តស្វាយរៀង សម្រាប់ផ្ដល់ជូនបងប្អូនកងទ័ពរបស់យើងរួមមាន ៖

១-ថវិកា ជាលុយរៀលចំនួន ២១៥.៣៥០.០០០រៀល និងដុល្លារ ចំនួន ៣៤.៧៣៧ដុល្លារ,២-អង្ករ ១០តោន

៣-មីជាតិ ៦០កេស,៤-មីខ្លាឃ្មុំ ២២កេស

៥-ត្រីខ សំពៅ(ខ្មែរ) ២០កេស,៦-ទឹកស៊ីអ៊ីវ ៥០យួរ,៧-ថ្នាំពេទ្យ ២៥០ប្រអប់,៨-ប្រេងកូឡា ១០០ឡូ,៩-សៀង ៥០០គីឡូ,១០-ទឹកបរិសុទ្ធ ១០០កេស,១១-អង្រឹងប៉ារ៉ា ១៥០អង្រឹង,១២-ភួយកម្ញី ២០០ភួយ,១៣-កន្ទេល ១០០កន្ទេល,១៤-ក្រម៉ាលេខ១ ២០០ក្រម៉ា និងជ្រក់ត្រសក់ ៣០គីឡូ៕

Leave a Reply

Your email address will not be published.