ព័ត៌មានជាតិ

ខ្លឹមសារជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ផាទ្រីក មូហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជាទឺក ម៉េហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម សម្ដេចធិបតី បានទទួលស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបាន ជម្រាបពីលទ្ធផលល្អដែល សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុង ញូវយ៉ក ជាពិសេសនាជំនួបទ្វេភាគីជាមួយ លោកជំទាវ វ៉ិចតូរីយ៉ានូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការ បរទេសស្តីទីសហរដ្ឋអាមេរិក។

ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋ អាមេរិក ដែលបានផ្ដល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ ប្រាក់ជំនួយដែលត្រូវបានផ្ដល់ជូនឡើងវិញនេះ នឹងត្រូវ យកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្តល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និង ផ្នែកឯកជន (២) ការការពារបរិស្ថានប្រកបដោយចីរភាព (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៤) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម។

ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ (១) ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជា (២) ធ្វើសាមញ្ញកម្មនីតិវិធីនៅពេលបញ្ចូន និង (៣) រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វើសមាហរណកម្មសម្រាប់ឱ្យពលរដ្ឋខ្មែរ អាចបន្សំ និងអាចធ្វើសមាហរណកម្មទៅ ក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយឱ្យបានល្អសមស្របនៅលើទឹកដីកម្ពុជា។

ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួល សមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនឱ្យបានរហ័សទាន់ពេល និង ជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗទៀត ដែលប្រទេស ទាំងពីរកំពុងយកចិត្តទុកដាក់បំផុត។

ជាកិច្ចបញ្ចប់ សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ នៃប្រទេសទាំងពីរ៕

Leave a Reply

Your email address will not be published.