សត្វមាន់រស់និងស៊ុតមាន់ស៊ុតទានាំចូលឆ្លងដែនពីប្រទេសវៀតណាមតាមច្រកស្វាយអាង៉ោងគ្មានសមត្ថកិច្ចណាអើពើរឡើយនៅស្រុកកំពង់ត្របែក
ខេត្តព្រៃវែង៖ មហាជនរិះគន់មន្ត្រីសមត្ថកិច្ចបណ្តែតបណ្តាយឲ្យឈ្មួញនាំសត្វមាន់រស់និងស៊ុតមាន់ ស៊ុតទាពីប្រទេសវៀតណាម ឆ្លងដែនចូលមកតាមច្រករបៀងស្វាយអាង៉ោង មិនឃើញស្ថាបន័មានសមត្ថកិច្ចឬមន្ត្រីជំនាញណាមកពិនិត្យឬបង្ក្រាបឡើយ ពលរដ្ឋមានដាក់ការសង្ស័យថា ប្រហែលសមត្ថកិច្ចជំនាញ បានទទួលសំណែនហើយមើលទៅ ទើបបើកដៃឲ្យឈ្មួញនាំចូលសត្វមាន់រស់និងស៊ុតមាន់ស៊ុតទាច្រើនបែបនេះ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦មករា២០២៦ នៅចំណុចច្រករបៀងស្វាយអាង៉ោង ឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង។បើតាមប្រជាពលរដ្ឋដែលរស់នៅ ឃុំចាមបានលើកឡើងថា ក្រុមឈ្មួញ បានមកទិញមាន់រស់ពីប្រទេសវៀតណាមដឹកតាមម៉ូតូ ឆ្លងដែនចូលមកតាមច្រករបៀងស្វាយអាង៉ោង រួចលើកដាក់រថយន្តដឹកទៅភ្នំពេញនិងចែកចាយក្នុងស្រុកខេត្តព្រៃវែង ដោយពុំដែលឃើញមានមន្ត្រីជំនាញឬស្ថាបន័មានសមត្ថកិច្ចណាមកពិនិត្យទេ ។
ពួកគាត់លើកឡើងទៀតថា បើសមត្ថកិច្ចបណ្តែតបណ្តោយឲ្យឈ្មួញនាំសត្វមាន់រស់ពីប្រទេសវៀតណាមចូលមកដោយគ្មានការត្រួតពិនិត្យដូច្នេះ ពួកគាត់ព្រួយបារម្ភៈអំពីសុវត្ថិភាពសុខភាព អ្នកបរិភោគ ជាពិសេសស៊ុតមាន់ស៊ុតទា ដែលក្រសួងហាមឃាត់មិនឲ្យនាំសាច់សត្វ ស៊ុតសត្វ និងផលិតផលដើមកំណើតអំពីសាច់សត្វ ក៏ប៉ន្តែជាក់ស្តែង សមត្ថកិច្ចប្រចាំការនៅច្រកទ្វាព្រំដែនច្រករបៀងស្វាយអាង៉ោង បានបើកដៃឲ្យឈ្មួញដឹកសត្វមាន់រស់ ពងមាន់ ពងទា ឆ្លងដែនពីប្រទេសវៀតណាមចូលមករដ្ឋបាលស្រុកកំពង់ត្របែកយ៉ាងគគ្រឹកគគ្រេង ពុំមានមន្ត្រីជំនាញណាមកត្រួតពិនិត្យឡើយ។
បើតាមម្បាស់រថយន្តដឹកសត្វមានរស់ នោះបានប្រាប់អ្នកសារព័ត៌មានយើងថា គាត់គ្រាន់តែជាអ្នកស៊ីឈ្នួលគេទេ រថយន្តរបស់គាត់ដឹកក្នុង១ថ្ងៃ១ជើង ដាក់បាន១៦០ទ្រុងទៅ២០០ទ្រុង ដឹកយកទៅឲ្យថៅកែ នៅស្រុកកំពង់ត្រែក និងបន្តដឹកទៅរាជធានីភ្នំពេញ។ ចំណែកអ្នកដឹកស៊ុតមាន់ស៊ុតទា គឺពួកគេដឹកយកទៅឲ្យថៅកែគេស្តុករួចចែកចាយក្នុងខេត្តនិងដឹកតាមរថយន្តទៅរាជធានីភ្នំពេញដោយមន្ត្រីពេទ្យសត្វអ្នកចេញលិខិតបញ្ជាក់ (ពងមាន់ពងទាក្រុងស្រុក)។
ទាក់ទិនករណីនេះដែរលោក ចិន វិសាល ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តព្រៃវែង បានប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះឈ្មួញនាំសត្វមាន់រស់ពីប្រទេសវៀតណាមឆ្លងដែនចូលតាមច្រករបៀងស្វាយអាង៉ោង ឃុំចាមស្រុកកំពង់ត្របែកនេះគេមានច្បាប់ រកស៊ីជាច្រើនឆ្នាំហើយ គឺថៅកែមាន់ឈ្មោះ លោក កែរ ង៉ោ មានទីលំនៅភូមិកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
សូមឲ្យទាក់ទងទៅលោកកែរ ង៉ា ម្ចាស់មាន់ទៅលោកកំពុងជាប់រវល់ប្រជុំ។ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីលោកកែរ ង៉ោ ឈ្មួញនាំសត្វមាន់រស់ពីប្រទេសវៀតណាមឆ្លងដែនមករដ្ឋបាលស្រុកកំពង់ត្របែកបានទេ ដោយអ្នកបើកបររថយន្តដឹកមាន់ ប្រាប់ថា គ្រាន់តែជាអ្នកស៊ីឈ្នួលបើកបររថយន្តឲ្យគេមិនស្គាល់លេខទូរសព្ទ័ថៅកែរទេ ចាំមេការមកទើបស្គាល់លេខទូរសព្ទ័ថៅកែរ។ មហាជនលើកឡើងថា ការនាំសត្វមាន់រស់និងពងមាន់ពងទា ពីបរទេសចូលមកហើយគ្មានមន្ត្រីជំនាញត្រួតពិនិត្យបែបនេះតើសង្ឃឹមអ្វីទៅ សុវត្ថិភាពសុខមាលភាពអ្នកបរិភោគ៕



