ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា៖មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌មានជា បន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ច

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌មានជា បន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ចពាក់ព័ន្ធនឹងការបំពានលើក្រមសីលធម៌និងវិជ្ជាជីវៈដែលនាំឱ្យប៉ះ ពាល់ដល់ការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។

ជាក់ស្ដែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូបត្រូវបានសមត្ថកិច្ច ខេត្តមណ្ឌលគិរីឃាត់ខ្លួន ដែល ក.អ.ក យល់ថា អាចមកពីកង្វះខាតក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈផ្នែកសារ ព័ត៌មាន ។

ក.អ.ក មិនបានចាត់ទុកករណីនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ, ទាំងសមាគមសារព័ត៌មាន ជាពិសេសក្លិបអ្នកកាសែតកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រុមសីលធម៏ និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ ហើយជាទូទៅអ្នកសារ ព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ។

ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួន ហាក់ដូចជាមិនទាន់អនុវត្តបាន ដែលជាហេតុនាំឱ្យមានការឃាត់ខ្លួនដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវ ប្រមសីលធម៌និងវិជ្ជាជីវៈ។

ក.អ.ក ចាត់ទុក ក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានពីការចោទប្រកាន់ពីបទល្មើស ឬ ឃាត់ខ្លួននោះទេ តែក្រុមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ ជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។

ក.អ.ក ជាថ្មីម្ដងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និង វិជ្ជាជីវៈ ដែលជាអាវក្រោះការពារខ្លួនឯងផង និងលើកតម្កើងសេរីភាពសារព័ត៌មានផងដែរ។

ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយ ក.អ.ក ក៏ដូចជាសមាគមសារ ព័ត៌មានផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ចៀសវាងភាពអសកម្មដែលនាំឱ្យប៉ះពាល់ដល់ ការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។

ក.អ.ក សូមជម្រាបជូនថា នៅចុងឆ្នាំនេះ ក.អ.ក នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២០ ដែលជាវេទិកាដ៏ មានសារសំខាន់ និងធំជាងគេរបស់ ក.អ.ក ដោយផ្តោតលើប្រធានបទស្ដីពីក្រមសីលធម៌និងវិជ្ជាជីវៈមកពិភាក្សា និង បំពេញបន្ថែមលើចំណុចខ្វះខាត ហើយនឹងចេញនូវសេចក្ដីថ្លែងការណ៍រួមមួយដែលរំពឹងថា នឹងជួយរម្លឹកដល់អ្នកសារ ព័ត៌មានឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តនិងលើកកម្ពស់ក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន នៅកម្ពុជា៕

 

Leave a Reply

Your email address will not be published.